ព័ត៌មានជាតិ

អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ

អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ

ខេត្តបាត់ដំបង÷អ្នកកាសែតបានចុះទៅដល់ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះដោយបានឃើញសកម្មភាពកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរស្រុកខេត្តនោះឡើយ។ ភាពអាណាធិបតេយ្យនេះនាំឲ្យមានមន្ទិលសង្ស័យថាជាការឃុបឃិតគ្នារបស់ពួកឈ្មួញនិងអាជ្ញាធរដើម្បីប្រមូលផលប្រយោជន៍ចែកគ្នីគ្នាពួកគេ។

គេឃើញរថយន្តធុនធំជាច្រើនគ្រឿងគ្មានស្លាកលេខ សង្ស័យថាគ្មានពន្ធកំពុងធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការត្រួតពិនិត្យអ្វីត្រឹមត្រូវពីស្ថាប័នជំនាញនោះឡើយ។ មន្ត្រីអាជ្ញាធររុញការទទួលខុសត្រូវពីមួយទៅមួយដោយមិន ដឹងថាដល់ណាជាអ្នកត្រូវដោះស្រាយបញ្ហាឬបង្ក្រាបបញ្ហាខុសច្បាប់នេះទេ។ យ៉ាងណាក៏ដោយអ្នកភូមិនៅទីនោះនិយាយថាវាជាការទទួលខុសត្រូវរបស់អាជ្ញាធរស្រុកនៅពេលដែលអ្នកកាសែតបានរាយការណ៍អំពីបញ្ហានេះថ្នាក់ដឹកនាំស្រុកកំរៀងព្យាយាមពង្វាងបញ្ហាដាក់លើអ្នកនេះ,លើអ្នកនោះ។

លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ទទួល បន្ទុកកិច្ចការងាររ៉ែនិងថាមពលបានឲ្យអ្នកកាសែតដឹងថា អាជ្ញាធរខេត្តបានណែនាំឱ្យស្ថាប័នជំនាញជាពិសេសអាជ្ញាធរស្រុកកំរៀងពិនិត្យមើលបញ្ហានេះហើយ ដោយមិនអនុញ្ញាតឲ្យមានភាពអាណាធិបតេយ្យក្នុងការកាយយកអាចម៍ដីបែបនេះទេ។

លោកសុខ ដែន អភិបាលស្រុកកំរៀងប្រាប់អ្នកកាសែតថាបានណែនាំមិនឲ្យមានបញ្ហាអាណាធិបតេយ្យនេះទេ។

យ៉ាងណាក៏ដោយ សេចក្តីថ្លែងរបស់លោកអភិបាល ស្រុកត្រូវគេយល់ថាគ្រាន់តែជាការលើកឡើងដើម្បីឲ្យរួចតែពីមាត់ប៉ុណ្ណោះ។ គេថាបើសិនជាគ្មានការឃុបឃិតពីអាជ្ញាធរស្រុកគឺសកម្មភាពជីកអាចម៍ដីអនាធិបតេយ្យដោយប្រើរថយន្តអត់បង់ពន្ធនោះមិនអាចដំណើរការបានឡើយ។ និយាយរួមទៅសូម្បីតែនគរបាលស្រុកក៏ព្យាយាមគេចពីការទទួលខុសត្រូវក្នុងបញ្ហានេះដែរ។

លោកវរសេនីយ៍ទោ វ៉េ គឹមចត់ អធិការនគរបាលស្រុកកំរៀងអះអាងថា បានហៅរថយន្តជីកកកាយដឹកដីអនាធិបតេយ្យនោះមកណែនាំច្រើនដងហើយ។ប៉ុន្តែម្ចាស់អ្នកបើករថយន្តដឹកដីនោះហាក់ដូចជាមិនស្ដាប់ការណែនាំរបស់អាជ្ញាធរនោះទេ។ លោកអធិការស្រុកអះអាងថាសកម្មភាពជីកដីដឹកអាចម៍ដីនេះត្រូវបានអាជ្ញាធរចុះអប់រំណែនាំនិងព្រមានច្រើនដងហើយ។

ម្ចាស់រថយន្តដឹកដីឈ្មោះ ជូង អាន រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង អះអាងថា បានចំណាយលុយកាក់ឲ្យអាជ្ញាធររួចរាល់អស់ហើយទើបអាចដំណើរ ការជីកកកាយដឹកដីបានយ៉ាងដូច្នេះ។ គេនិយាយថាប្រសិនបើគ្មានការយល់ព្រមបើកភ្លើងខៀវពីអាជ្ញាធរស្រុកទេគឺមិនអាចដំណើរការដឹកជញ្ជូនជីកក៏កាចអាចម៍ដីបានយ៉ាងស្រួលដូច្នេះឡើយ។

កាលពីល្ងាចថ្ងៃទី៥ខែសីហាក្រុមអ្នកកាសែតបានទៅ ដល់ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ក៏ជួបប្រទះនឹងគំនរដីចាក់បិទផ្លូវមិនឲ្យចរាចរណ៍ទៅមុខបាន។ នេះគឺជាចេតនាមួយមិនចង់ឲ្យអ្នកកាសែតបានឃើញអំពីទិដ្ឋភាពនៃភាពអនាធិបតេយ្យក្នុងការជីកកកាយយកអាចម៍ដីបែបអាណាធិបតេយ្យនៅក្នុងស្រុកកំរៀងនេះ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *