ខេមណ្ឌលគីរី៖ លោក ជួន សំបុក បានបដិសេធនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា ជួន សំបុក កាល
ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ លោក សំបុក លើក ឡើងថា “ ខ្ញុំបាទឈ្មោះ ជួន សំបុក ភេទប្រុស អាយុ ៦៧ឆ្នាំ អតីតមន្រី្ដចូលនិវត្តន៍សុំធ្វើការបដិសេធ ចំពោះអត្ថបទដែលបានធ្វើការចុះផ្សាយពីឈ្មោះខ្ញុំបាទ និងកូនស្រីរបស់ខ្ញុំឈ្មោះ ជួន សំនាង ថាបានដឹកដីចាក់លុបបឹងធម្មជាតិរំលោភយកដីគេនោះ គឺជារឿងមិនពិតទេ។
ខ្ញុំសូមបញ្ជាក់ថា ដីទីតាំងនោះជាដីចំការអាស្រ័យផល និងស្រះចិញ្ចឹមត្រីជាប់អូរ ចាប់ពីឆ្នាំ1995-96 មកម្លេះ ខ្ញុំមានទាំងឯកសារកាន់កាប់ស្របច្បាប់ត្រឹមត្រូវ គឺពុំមានបឹងធម្មជាតិនោះទេ។ តែបច្ចុប្បន្ននាអំឡុងឆ្នាំ2020 ឧកញ៉ាល័ក្ខ បានមកអភិវឌ្ឍន៍ធ្វើទ្វាទឹកបិទអូរបណ្តាលឲ្យលិចដីចំការខ្ញុំអស់ជិត 2ហិកតា និងស្រះត្រី និងដំណាំ មានដូចជា ប័រ ធុរេន ដូង អស់ជាច្រើនរយដើម ទាំងនោះគ្រួសារខ្ញុំពុំត្រូវទទួលបានសំណងអ្វីទាំងអស់។ (សូមបញ្ជាក់) ចំពោះការចាក់ដីនោះ គឺកូនខ្ញុំធ្វើភ្លឺស្រះ និងស្ដារដីឲ្យមានជម្រៅដើម្បីចិញ្ចឹមត្រី ពុំមែនចាក់ដីលុបយកដីនោះទេ(សូមបញ្ជាក់ថា) បើចង់ដឹងជាក់ ច្បាស់សូមសំណូមពរឲ្យលោកឧកញ្ញ៉ា បើកទ្វារទឹកនឹងបានឃើញធាតុដើមថា ជាអូរឬជាបឹងធម្មជាតិ។ សូមសំណូមពរអោយអ្នកសារព័ត៌មាន មុននឹងចុះផ្សាយសូមធ្វើការស្រាវជ្រាវថារឿងណាពិត រឿងណាមិនពិត មណ្ឌលគិរី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ពីខ្ញុំ ជួន សំបុក គាំទ្រគណបក្សប្រជាជនទាំងពូជ អរគុណសន្តិភាព”។
សូមជម្រាបថា ពាក់ព័ន្ធការចាក់ដីលុបបឹងនេះ កាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចចម្រុះសាលាក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងជាក់ស្ដែង ដែលសង្ស័យថា មានការចាក់ដីរំលោភចំណីអូរ នឹងធ្វើការផ្ទៀងឡើងវិញ។
អំឡុងនោះលោក អ៊ាង សុគន្ធ រកឃើញថា ពិតជាមានករណីរំលោភយកអូរ និងចំណីអូរមែន។ លោកថាករណីនេះពីដើមត្រូវផាកពិន័យ និងឲ្យកាយដីចេញវិញ ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងទោសទណ្ឌជាប់ពន្ធធនាគារ។ តែយ៉ាងណាក៏ដោយលោកថា ចាំផ្ទៀងផ្ទាត់ប្លង់មើលសិន ដោយឱ្យភាគីអ្នកស្រី ជួន សំនៀង យកប្លង់ដីរបស់ខ្លួនទៅសាលាក្រុងដើម្បីផ្ទៀងផ្ទាត់និយាមការ។
ដោយឡែកនៅថ្ងៃទី២៥ ខែឆ្នាំដដែល អភិបាលខេត្តមណ្ឌលគិរី លោកថង សាវុន បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងក្រុង និងនាយករដ្ឋបាលក្រុងសែនមនោរម្យ ថា យើងមិនអនុញ្ញាតឲ្យមានការចាក់លុបបឹង លុបអូរជាដាច់ខាត បើអ្នកណាដឹងខ្លួនឆាប់កាយចេញវិញជាបន្ទាន់។ លោកថង សាវុន ក៏បានបញ្ជាដល់អាជ្ញាធរក្រុងសែនមនោរម្យត្រូវមានវិធានការបន្ទាន់ក្នុងរឿងលុបបឹងលុបអូរនេះផងដែរ។
ឥឡូវនេះមហាជនរង់ចាំមើលថា តើអាជ្ញាធរក្រុងសែន មនោរម្យ ជាពិសេសលោកអភិបាលខេត្តមណ្ឌលគិរីលោក ថង សាវុន ហ៊ានចាត់វិធានការលើឧកញ៉ាល័ក្ខ ជាអ្នកដែលមានឥទ្ធិពលខ្លាំងនោះបានដែរឬទេ?
ឬមួយថារឿងនេះប្រជាពលរដ្ឋដែលនៅតំបន់នោះនឹងក្លាយទៅជាជនរងគ្រោះ ?
សូមជម្រាបថា កាលពីពេលថ្មីៗនេះបឹងធម្មជាតិមួយកន្លែងដែលមានទីតាំង នៅខាងក្រោយរីហ្សតលោកឧកញ៉ាល័ក្ខ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕