កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះសំណាក់ យីហោ សន្តិភាព ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៨នាក់ ដែលមកស្នាក់នៅពពាក់ពពូនគ្នា ប្រមូលផ្ដុំគ្នា និងរកឃើញវត្ថុតាងពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ប្រតិបត្តិការនេះ ធ្វើឡើងកាល ពីវេលាម៉ោង ០៧៖៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដឹកនាំដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំលោកមេបញ្ជាការរង និងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំងកម្លាំងរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងផ្ទះសំណាក់យីហោ “សន្តិភាព” ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងៗ ប្រុស-ស្រី ជាច្រើននាក់ មកជួលបន្ទប់ស្នាក់នៅពពាក់ពពូនគ្នា បង្កហិង្សា វាយកាប់គ្នា និងលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ ធ្វើឱ្យពលរដ្ឋរស់នៅក្បែរៗនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនចៅដែលធ្វើការយប់ព្រលប់ ងាយប្រឈមនឹងបញ្ហាផ្សេងៗ បង្កឡើងដោយការប្រមូលផ្ដុំរបស់ក្រុមយុវជនមកស្នាក់នៅ ។
បច្ចុប្បន្ន យុវជនទាំង ៣នាក់ ខាងលើ ដែលពាក់ព័ន្ធគ្រឿងញៀន កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។ រីឯអ្នកគ្រប់គ្រងផ្ទះសំណាក់ ក៏ត្រូវបានសមត្ថកិច្ចហៅមកសាកសួរនៅប៉ុស្តិ៍ផងដែរ ៕