(ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដោយប្រទះឃើញសាកសព ២កន្លែង ផ្សេងគ្នា សង្ស័យជាអំពើឃាតកម្មដ៏សាហាវ ដោយសាកសពទី១ ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២ ត្រូវឃាតករកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលី យកមកដុតចោល នៅជិតកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សត្រូវគេដុតចោលនេះ កើតឡើងនៅវេលាម៉ោង ៨៖១០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃយាយ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។
ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ពាក់ព័ន្ធនូវករណីប្រះឃើញសាកសព គេយកមកទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផងក៏មានប្រជាពលរដ្ឋផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសព គេកាត់ជាកង់ជាកង់យកមកដុតចោលម្នាក់ទៀត ។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍ ភ្លាមនោះសមត្ថកិច្ចអធិការដ្ឋាននគបាលក្រុងបាវិត បានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រសាទ និងសង្កាត់បាវិត ចុះដល់កន្លែងកើតហេតុរួចព័ទ្ធខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការនគរបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ជាលទ្ធផលសមត្ថកិច្ចមិនទាន់អនុញ្ញាតិផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មានទេ ។
ទាក់ទិនករណីនេះ មិនទាន់មានការបំភ្លឺពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចនិយាយថា សមត្ថកិច្ចកំពុងធ្វើការ ៕