កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអំពើហិង្សាក្នុងគ្រួសារមួយកើតឡើង ក្លាយជាករណីគំរាមបោកគ្រាប់បែក (គ្រាប់យុទ្ធភណមិនទាន់ផ្ទុះ) សម្លាប់ប្រពន្ធ និងក្រុមគ្រួសារទាំងមូល នៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ដោយទទួលបានព័ត៌មានតាមរយៈដើមបណ្ដឹងឈ្មោះ ផាត សុខលី ភេទស្រី អាយុ ២៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនល្មើស ដែលមានបំណងយកគ្រាប់បែកសល់ពីសម័យសង្រ្គាម យកមកពីការដ្ឋានសំណង់មួយកន្លែង ដែលជនល្មើសជាប្ដីធ្វើការ ។
ជនល្មើសជាប្ដីឈ្មោះ ហួន ស្រស់ អាយុ ៣៣ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប ដកហូតវត្ថុតាងគ្រាប់បែក ១គ្រាប់ យកមករក្សាទុក ដើម្បីប្រគល់ជូនជំនាញស៊ីម៉ាក់ធ្វើការបន្ដ ។
យោងតាមលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាក់ថា មូលហេតុនៃជម្លោះកើតឡើងដោយរឿងប្រចណ្ឌ កើតហេតុតាំងពីមុនថៃ្ងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយប្ដីបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានយកកាដូគ្រាប់មកគំរាមបោកសម្លាប់តែម្ដង ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងគ្រាប់បែក ទៅការិយាល័យស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕