ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ) ៖ ជនជាតិចិនមានគ្នា ចំនួន ៤-៥នាក់ បានជិះរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១យប់ នៅចំណុចអតីតសណ្ឋាគារ មីង គួយ ស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ ឈ្មោះ GU GUOJUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន និងឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចនៅជិតវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន អាវុធខ្លី ម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន ៣ដើម និងបង់ចំនួន ៣, គ្រាប់ប្រភេទ ៣៨០ ចំនួន ៣៤គ្រាប់, ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន ២, ខោចំនួន ១), ស្ព្រាយបាញ់បង្ហូរទឹកភ្នែក ចំនួន ១ដប, ខ្នោះដៃ ចំនួន ១ ខ្សែចំណងជ័រ ចំនួន ១ដុំ, ស្បែកជើងប៊ូ ពណ៌ខ្មៅ ចំនួន ៣គូរ, ឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនស័ង្សបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណីបង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន ៨នាក់ ។

បច្ចុប្បន្ន ជនដៃដល់ទាំង ២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *