ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖០០នាទី ដោយទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន ២នាក់ បានប្រើប្រាស់អាវុធខ្លី ចំនួន ១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចបុរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣នាក់ ។
ជនសង្ស័យទាំង ៣នាក់ រួមមាន ទី១៖ ឈ្មោះ ZHANG HAO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន, ទី២៖ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន និងទី៣៖ឈ្មោះ YANG OU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ។
វត្ថុតាងដកហូតបាន រថយន្ដ ៣គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់ប្រភេទ 380mm ចំនួន ១០គ្រាប់ និងសំបកកន្ទុះ ចំនួន ១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ដ ២គូ និងទូរសព្ទដៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕