ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង នៅក្រុងប៉ោយប៉ែត ដកហូតម៉ូតូជាង​ ៣០គ្រឿង

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង និងបានដកហូតម៉ូតូជាង៣០គ្រឿងដែលម្ចាស់ទីតាំងបានមកពីការទទួលផលចោកម្ម។ បន្ទាប់ពីបង្ក្រាប និងដកហូតវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ។

ការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ហើយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅលក់ឲ្យម្ចាស់ទីតាំងនោះ រហូតមានការស្រាវជ្រាវចុះបង្ក្រាបតែម្ដង។

សូមបញ្ជាក់ថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ថែមថា ក្រោយពេលស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង សុទ្ធតែម៉ូតូដែលបានមកពីការទទួលផលចោរកម្មកន្លងមក ចំណែកជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់។

វត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនចាត់តាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕

 

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *