ក្រុងពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីគោលនយោបាយការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លលកស សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជា ដាវីត (ហៅ បញ្ញា ហៅក្រឹម) ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី។
លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍ដោយកម្លាំងជំនាញការិយាល័យផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលលក ស បានចុះបង្ក្រាបមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែងនៅចំណុចផ្ទះឈ្មោះ ជា ដាវីត ហៅ (បញ្ញា ឬក្រឹម) ស្ថិតនៅក្នុងភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ។
ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម ៖
១.ឈ្មោះ អ៊ុច ខេមរា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ( ឃាត់ខ្លួនជាក់ស្ដែង និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន+ ) ។
២.ឈ្មោះ ជា ដាវីត (ហៅ បញ្ញា ឬ ក្រឹម) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ (រត់គេចខ្លួន លោតចូលស្ទឹងបាត់រកមិនឃើញ) ។
៣.ឈ្មោះ ម៉ី ភេទប្រុស អាយុ ប្រហែល ១៥ឆ្នាំ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ត្រូវជាកូនរបស់ ឈ្មោះ អ៊ុច ប៊ុនធឿន ហៅពែក (រត់គេចខ្លួនបាត់)
វត្ថុតាងចាប់យកបានរួមមាន ៖ ម៉្សៅក្រាមពណ៌ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ (ធំ) ទម្ងន់ ១០០២.៩ ក្រាម (សាច់ថ្នាំសុទ្ធ), ម៉ូតូចំនួន ០១គ្រឿង, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, កាណូតចំនួន ០១គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួនធំ និង សម្ភារៈជក់ថ្នាំញៀន ០១កំប្លេរ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី។
ចំពោះមុខសញ្ញាដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងកំពុង កំណត់សាវតា និងស៊ើបអង្កេតស្រាវជ្រាវស្វែករកបន្ដ ដើម្បីឃាត់ខ្លួននាំយកមកចាត់ការតាមនីតិវិធី៕