ក្រុមហ៊ុនរ៉ែមាស ដែលមានឈ្មោះ សឹងយន្តគ័ងយិក នៅក្នុងខេត្តក្រចេះ ដែលមានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែ នៅអណ្តូងរ៉ែទី១ ជាបណ្ដោះអាសន្ន ដេីម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋាន ធនធានរ៉ែ ក្រោយពីមានឧបទ្ទវហេតុ បណ្ដាលឱ្យស្លាប់កម្មករម្នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបន្តថា ចំពោះក្រុមហ៊ុន សឹងយន្តគ័ងយិក និងក្រុមហ៊ុនធានារ៉ាប់រង កំពុងចចារដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។
លោកបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល
សូមរំលឹកថា ឧបទ្ទវហេតុបាក់ថ្ម ធ្លាក់សង្កត់កម្មករនេះ បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មករម្នាក់មាន ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ៕