សិស្សអនុវិទ្យាល័យកំបូល ២នាក់ ជិះម៉ូតូ ១គ្រឿង ឌុបគ្នា ធ្វើដំណើរឆ្លងផ្លូវ ជ្រុលបុកជាមួយម៉ូតូមិនចាំម៉ាក ១គ្រឿងទៀត បណ្ដាលឱ្យដួល ខណៈនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ ១គ្រឿង ដែលគេស្គាល់ថាជារបស់កងដឹកជញ្ជូន HC បើកបរក្នុងល្បឿនលឿនទៅដល់ ក៏បុក និងកិនជនរងគ្រោះស្លាប់នៅក្រោមរថយន្តយ៉ាងរន្ធត់តែម្ដង ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ ៖ ៤០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ ទី១.ឈ្មោះ ញ៉ឹក សុភាស់បូទី ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧ រៀននៅអនុវិទ្យាល័យកំបូល មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល និងទី២.ឈ្មោះ ច ម ក ភេទស្រី អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៧ ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IN-2280 ឌុបគ្នាឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នាជាមួយម៉ូតូមិនចាំម៉ាក ១គ្រឿងទៀត បណ្ដាលឱ្យដួលរេពេញផ្លូវ ។
ប្រភពដដែល បានបន្តថា ស្របពេលនោះក៏មានរថយន្តសណ្ដោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-2062 ជារថយន្តរបស់កងដឹកជញ្ជូន HC បើកបរធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើតទៅដល់ល្មម ហើយក៏ត្រូវរថយន្តនោះបុក និងកិនទាំងមនុស្ស និងម៉ូតូ បណ្ដាលឱ្យស្លាប់ទាំង ២នាក់ ក្រោមរថយន្តយ៉ាងរន្ធត់ ។ បន្ទាប់មករថយន្តខាងលើ បានឈប់ស្ងៀម ហើយអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់បាន និងនាំយកទៅកាន់ប៉ុស្តិ៍កំបូល ដែលស្ថិតនៅជិតនោះផងដែរ ។
ប្រភពដដែល បានបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ធ្វើការវាស់វែង និងនាំយកទាំងរថយន្ត និងម៉ូតូ រក្សាទុក រង់ចាំចាត់ការតាមច្បាប់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕