ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកទំនិញ បុករថយន្តដឹកកម្មករ ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ២៥នាក់ នៅខេត្តព្រះសីហនុ

យ៉ាងហោចណាស់​មាន​មនុស្ស ២ នាក់ បាន​ស្លាប់ និង​មនុស្ស​ប្រុស-ស្រី ២៥ នាក់​ទៀត រង​របួស​ធ្ងន់-ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សាំង​យ៉ុង ដឹក​កម្មករ​រោងចក្រ និង​រថយន្ត​កុងតឺន័រ កាលពី​វេលា​ម៉ោង ៧ និង ៥០ នាទី ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា ២០២៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ក្បែរ​វិទ្យាល័យ​ស្រុក​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។

យោងតាមសមត្ថកិច្ច ​បាន​ឱ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​កូរ៉េ ដឹកទំនិញ ក្បាល​ពណ៌​ស ពាក់​ផ្លាក​លេខ កោះកុង 3A-0815 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់ ។ រីឯ​ភាគី​ខាង​រថយន្ត​សាំងយ៉ុង ដឹក​កម្មករ ពាក់​ផ្លាក​លេខ កំពត 2A-1524 បើកបរ​ដោយ​ឈ្មោះ ផាន ភ័ក្រ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ បញ្ជូន​ដល់​មន្ទីរពេទ្យ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ និង​ឈ្មោះ រ៉ូ ហ្វីយ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជា​ខ្មែរ​ឥស្លាម (ស្លាប់​) រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច​ បានបន្ត​ថា រថយន្ត​កូរ៉េ ដឹកទំនិញ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត ក៏​រ៉េ​ចង្កូត​បុក​រថយន្ត​សាំង​យ៉ុង​ដឹក​កម្មករ​រោងចក្រ ក្នុង​ទិសដៅ​ផ្ទុយគ្នា (​ពី​កើត​ទៅ​លិច​) យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ ០២ នាក់ និង​របួស​ធ្ងន់-ស្រាល​ ចំនួន ២៥ នាក់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំពង់សីលា បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំពង់សីលា នៅ​ការពារ​ទីតាំង​កើតហេតុ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ក្នុងស្រុក​កំពង់សីលា និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *