(ភ្នំពេញ) ៖ រថយន្តម៉ាកកាមរីឆ្លាម ០១គ្រឿង បានរងការខូចខាតខ្ទេចមួយចំហៀងខ្លួនទាំងស្រុង បន្ទាប់ពីបើកឆ្លងកាត់ផ្លូវដែកស្របពេលដែលមានរថភ្លើងមកដល់ បានបុកពេញទំហឹង សំណាងល្អអ្នកបើកបរមិនមានការរងរបួស ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ៣០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឆ្លងកាត់ផ្លូវដែក ។ ខណៈនោះស្រាប់តែមានរថភ្លើង ០១ ខ្សែ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលទៅដល់ ក៏បានបុករថយន្តពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតមួយចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង ។
ពលរដ្ឋថា ផ្លូវដែកនេះខ្សែភ្នំពេញបាត់ដំបង ហើយនៅត្រង់ចំណុចកើតហេតុនោះ ពុំមានដាក់រនាំងសម្រាប់ទម្លាក់បិទផ្លូវការពារ នៅពេលរថភ្លើងឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតរាល់ថ្ងៃពេលទៅដល់ជិតនោះ រថភ្លើងចុចស៊ីផ្លេរហូត ប៉ុន្តែនៅថ្ងៃកើតហេតុពុំដឹងជាយ៉ាងម៉េចទេ ទើបអត់ចុចស៊ីផ្លេហើយក៏បុករថយន្តបង្កការខូចខាតបែបនេះ បន្ទាប់មករថភ្លើងបានឈប់បន្តិចក៏បើកចេញទៅបាត់ដោយទុកតំណាងឱ្យនៅកន្លែងកើតហេតុ ។
អ្នកបើកបររថយន្តឈ្មោះ ឆោ ហុកស៊ីន ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននិយាយថា រថយន្តរបស់គាត់ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ បាត់ដំបង 2A-2329 ខណៈពេលដែលគាត់ជិតដល់ផ្លូវដែកមើលអត់ឃើញរថភ្លើងទេ ហើយរថភ្លើងក៏អត់ស៊ីផ្លេ ទើបគាត់បើកឆ្លងផ្លូវដែក ស្រាប់តែរថភ្លើងទៅដល់បុកពេញំហឹងតែម្ដង ក្រោយពេលកើតហេតុ រថភ្លើងបានឈប់ហើយអ្នកបើកបរបានប្រាប់គាត់ថា អត់បានចុចស៊ីផ្លេ ព្រមទាំងនិយាយទៀតថា បើបងឯងបើកលឿនបន្តិចផុតបាត់ហើយ ។
ក្រោយពេលកើតហេតុ នគរបាលខណ្ឌកំបូល បានចុះទៅដល់កន្លែងកើតហេតុពិនិត្យជាក់ស្ដែង ហើយម្ចាស់រថយន្តប្រុងយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ។ ប៉ុន្តែខាងតំណាងរថភ្លើងមិនព្រម និងបានស្នើសុំឱ្យនគរបាលនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕