(កំពង់ស្ពឺ) ៖ ក្រុមក្មេងស្ទាវចំនួន ០៧ នាក់ ត្រូវបានឃាត់ខ្លួន ហើយ ០២ នាក់ទៀត នគរបាលកំពុងតាមប្រមាញ់ ខណៈដែលក្រុមក្មេងស្ទាវចំនួន ០២ ក្រុម បានបើកឆាកប្រយុទ្ធគ្នានៅក្នុងពិធីមង្គលការ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវកំពុងតែអង្គុយហូប រត់ចែកជើងគ្នាព្រាត ។
ការឃាត់ខ្លួនក្រុមក្មេងស្ទាវ បង្កការអុកឡុកមង្គលការគេនេះ កាលពីវេលាម៉ោង ១០ ៖ ១៥ នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងស្ទាវ បង្កការអុកឡុកក្នុងមង្គលការគេនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឃុំទំព័រមាស បានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន ០២ ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវាយ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ថន ធន អាយុ ៣៨ ឆ្នាំ និងប្រពន្ធឈ្មោះ ឆឹង គីន អាយុ ៤៤ ឆ្នាំ រស់នៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ ។
ក្រោយកើតហេតុ ម្ចាស់ដើមការ បានដាក់ពាក្យបណ្តឹង ដោយកាលពីវេលាម៉ោង ០៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមក្មេងស្ទាវបានវាយតប់គ្នា ។
មន្ត្រីនគរបាល បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់ដើមការ នគរបាលបានសហការស្រាវជ្រាវឃាត់បានក្រុមខាងកូនក្រមុំ នៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ចំនួន ០៣ នាក់ រួមមាន៖ ទី១.ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ទី២.ឈ្មោះ ឆែម ភារម្យ ភេទប្រុស អាយុ ២៤ ឆ្នាំ និងទី៣.ឈ្មោះ មឿង មី ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ចំពោះឈ្មោះ ឈឿន ឧត្តម ហៅដំ ភេទប្រុស អាយុ ១៨ ឆ្នាំ បានគេចខ្លួន ។
ចំណែកក្រុមខាងកូនកំលោះ ភូមិតាំងកន្ទួត ឃុំទំព័រមាស ចំនួន ០៤ នាក់ រួមមាន៖ ទី១.ឈ្មោះ ផា រ៉េត ភេទប្រុស អាយុ ២១ ឆ្នាំ ទី២.ឈ្មោះ ផា ណារ៉ុង ភេទប្រុស អាយុ ១៧ ឆ្នាំ ទី៣.ឈ្មោះ អ៊ុន បាន ភេទប្រុស អាយុ ២១ ឆ្នាំ និងទី៤.ឈ្មោះ កយ សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ។ ដោយឡែក ឈ្មោះ ថុន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានគេចខ្លួន ។
មន្ត្រីនគរបាល បានបន្ថែមថា ពេលធ្វើការសាកសួរ ជនសង្ស័យទាំងអស់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញវាយគ្នា បង្កភាពអុកឡុក និងដេញវាយគ្នានៅក្នុងរោងការខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ន ក្រុមក្មេងស្ទាវទាំង ០៧ នាក់ខាងលើនេះ ជំនាញសហការជាមួយប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕