(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤ ៖ ៣០ នាទីរសៀល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ បានឃាត់ពលករខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ ។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង ។
ជាលទ្ធផល សមត្ថកិច្ច បានឃាត់មនុស្សប្រុស-ស្រី ចំនួន ៣០០នាក់ ក្នុងនោះស្រី ១៥៤នាក់ កុមារ ២៦នាក់ ។ ពលរដ្ឋទាំងនេះ ត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋទាំងនោះ ភាគច្រើនគឺមកពីបណ្ដាខេត្តរួមមាន ៖ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ សូមឱ្យបងប្អូនឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាបើនៅតែបន្តឆ្លងដែនខុសច្បាប់ ៕