ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរស្លុយ ឃើញអ្វីលួចហ្នឹង ឃើញគ្រឿងចក្រគេខូចទុកចោល នាំគ្នាលួចដោះដឹកតាមរ៉ឺម៉ក ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

(បាត់ដំបង) ៖ ជនសង្ស័យដៃឆើត ចំនួន ០៣ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនភ្លាមៗ ក្រោយលួចដោះយកគ្រឿង និងសម្ភារអេស្ការវ៉ាទ័រដឹកតាមរ៉ឺម៉កសណ្ដោង នៅវេលាម៉ោង ០៤ ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមួយនឹងវត្ថុតាងជាច្រើន ដែលក្រុមចោរចិត្តស្លុយទាំង ០៣ នាក់នេះ បម្រុងដឹកយកទៅលក់នៅកន្លែងទិញអេតចាយ ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យទាំង ០៣ នាក់នេះ ទី១-ឈ្មោះ ផល វិចិត្រ អាយុ ៣៥ ឆ្នាំ ទី២-ឈ្មោះ ឈីវ ភិរ័ត្ន អាយុ ៣៥ ឆ្នាំ និងទី៣-ឈ្មោះ ថន ស៊ីវហេង អាយុ ១៧ ឆ្នាំ ពួកគេមានមុខរបរដើរប្រព្រឹត្តអំពើរចោរកម្ម ។ ក្រុមនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនភ្លាមៗ នៅពេលកំពុងប្រព្រឹត្តបទល្មើស ហើយថែមទាំងដកហូតវត្ថុតាងមួយចំនួនធំ ។

បើតាមមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្រុមជនសង្ស័យដៃឆើតទាំង ០៣ នាក់នេះ បានធ្វើសកម្មភាពលួចដោះយកគ្រឿង និងសម្ភារមួយចំនួន ចេញពីគ្រឿងចក្រ (អេស្ការទ័រ) ដែលម្ចាស់ទុកនៅចំណុចខាងលើ ដើម្បីជួសជុល ។

ហេតុការណ៍នេះ បានកើតឡើង មុនពេលកម្លាំងជំនាញ ចុះឃាត់ខ្លួនប្រហែល ០១ ម៉ោង ក្រោយទទួលបានសេចក្ដីរាយការណ៍ពីម្ចាស់គ្រឿងចក្រ ។ ពោល គឺសមត្ថកិច្ចចុះទៅឃាត់ខ្លួនក្រុមចោរនេះ ពេលពួកគេកំពុងរៀបចំដឹករបស់របរដែលពួកគេលួចបានចេញពីកន្លែងកើតហេតុ បម្រុងយកទៅលក់នៅកន្លែងទិញអេតចាយ ។ ដូច្នេះហើយ ទើបសមត្ថកិច្ចចាប់បានទាំងមនុស្ស ដកហូតបានទាំងមធ្យោបាយដឹកជញ្ជូន និងវត្ថុតាងដែលពួកគេលួចបាន ។

យោងលើរបាយការណ៍វត្ថុតាងដែលកម្លាំងកងរាជអាវុធហត្ថ ដកហូតបានរួមមាន៖ ម៉ូតូ ០១ គ្រឿង មានសណ្ដោងរ៉ឺម៉ក អាគុយ ចំនួន ០២ គ្រាប់ កម្លាំង ១៥០ អំពែ ស្នប់បាញ់ខ្លាញ់គោ ចំនួន ០១ ច្រវ៉ាក់ ០១ ខ្សែ កន្ត្រៃកាត់ដែក ចំនួន ០២ ធ្មេញអេស្ការទ័រ ចំនួន ០៤ គ្រាប់ ទុយោអេស្ការទ័រ ចំនួន ០១ ខ្សែ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។

សមត្ថកិច្ច បានឱ្យដឹងថា បើតាមការសាកសួរ ក្រុមនេះមានប្រវត្តិប្រព្រឹត្តអំពើចោរកម្មច្រើនលើកណាស់ ។ ពួកគេដើរជួបអ្វីលួចហ្នឹងឱ្យតែលក់បានលុយ គឺលួចទាំងអស់ ។ ពេលនេះ ត្រូវបានមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ៕

 

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *