(ភ្នំពេញ) ៖ រថយន្តយីឌុបដឹកស្រូវរាប់រយបាវ ទម្ងន់ប្រមាណជាង ៣០ តោន បានបុកគ្នាជាមួយរថយន្តបែនកង់ ០៦ ដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាវេលាទៀបភ្លឺ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ប៉ុន្តែមិនបានបណ្ដាលឱ្យរថយន្តទាំង ០២ គ្រឿង ក្រឡាប់នោះឡើយ ។
លុះព្រឹកឡើង ខាងរថយន្តដឹកស្រូវបានយករថយន្តស្ទូច ០១ គ្រឿង ទៅស្ទូចបង្ហើបកន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវនោះ ដើម្បីប្ដូរក្បាលរថយន្តសណ្ដោងថ្មី ស្រាប់តែដាច់តម្ពក់ដងស្ទូច បណ្ដាលឱ្យក្រឡាប់ចាក់ស្រូវចោលពេញដីតែម្ដង ។
កន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវខាងលើនោះ បានក្រឡាប់ កាលពីវេលាម៉ោងជាង ០៨ ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូដឹមកប់ស្រូវ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តដឹកស្រូវនោះ ក្បាលសណ្ដោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6698 រីឯកន្ទុយរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1421 ។ ចំណែករថយន្តបែនដឹកខ្សាច់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពណ៌ខៀវ ពាក់ផ្លាកលេខ រដ្ឋ3-0133 រងការខូចខាតខ្លាំងជាង រថយន្តដឹកស្រូវ ។
យោងតាមប្រភពមួយ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជាង ០៣ ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ រថយន្តហ៊ីយ៉ាន់ដាយ យីឌុប ០១ គ្រឿងនោះ ដឹកស្រូវជាង ៣០ តោន មកពីខេត្តបាត់ដំបង ប៉ុន្តែពុំដឹងថាយកទៅដាក់នៅរោងម៉ាស៊ីនណាមួយ ក្នុងប្រទេសកម្ពុជា ឬក៏នាំចេញទៅកាន់ប្រទេសវៀតណាមនោះទេ ។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងជាមួយរថយន្តបែនកង់ ០៦ ដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងរយ៉ែថយក្រោយ ដើម្បីចាក់ខ្សាច់នៅការដ្ឋានតទុយោទឹកស្អាតនៅទីនោះ ។
ប្រភពដដែល បានឱ្យដឹងបន្តថា ខណៈនោះបានបណ្ដាលឱ្យរថយន្តទាំង ០២ គ្រឿង រងការខូចខាតកាប៊ីនដូចគ្នា ប៉ុន្តែរថយន្តបែនដឹកខ្សាច់ ខូចខាតខ្លាំងជាង ហើយពេលបុកគ្នានោះ រថយន្តទាំង ០២ គ្រឿង ពុំបានក្រឡាប់ឡើយ ។
ក្រោយមកក៏ពុំដឹងថា តើភាគីទាំងពីរ ដោះស្រាយគ្នាបែបណានោះដែរ លុះដល់ម៉ោងជាង ០៨ ព្រឹកថ្ងៃដដែល ខាងភាគីម្ចាស់រថយន្តដឹកស្រូវ បានយករថយន្តស្ទូច ០១ គ្រឿង ទៅស្ទូចបង្ហើបកន្ទុយរ៉ឺម៉ក ដែលផ្ទុកទៅដោយស្រូវពេញ ដើម្បីប្ដូរក្បាលរថយន្តសណ្ដោងថ្មីចូល និងយកក្បាលរថយន្តដែលខូច ទៅធ្វើការជួសជុល ។
ប្រភពខាងលើ បានបញ្ជាក់បន្ថែមទៀតថា ពេលនោះដោយសារធ្ងន់ពេក បណ្ដាលឱ្យបាក់ដាច់តម្ពក់ដងស្ទូច ក្រឡាប់កន្ទុយរ៉ឺម៉ករថយន្តនោះ ចាក់បាវស្រូវចោល និងធ្លាយស្រូវចេញពីបាវដូចគេចាក់គរលើដី ។ ប៉ុន្តែជាសំណាងល្អដែរ ពុំបានបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ហើយក្រោយពេលកើតហេតុ ម្ចាស់ក៏បានប្រើឱ្យកម្មករលីសែងបាវស្រូវ លើកដាក់លើរថយន្តយីឌុប ០១ គ្រឿងផ្សេងទៀត ព្រមទាំងកើបស្រូវដែលធ្លាយចេញពីបាវនោះ ច្រកចូលក្នុងបាវវិញ ៕