ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712
(បន្ទាយមានជ័យ) ៖ ជនសង្ស័យ ០១ នាក់ ក្នុងចំណោមបក្ខពួក ០៣ នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាព លើកគ្នាប្រដាប់ដោយដាវ ចូលទៅកាប់ប្រជាពលរដ្ឋ ចំនួន ០៤ ផ្ទះ រងរបួសជាច្រើននាក់ នៅចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ តែភ្លាមៗនោះ ជនសង្ស័យ និងបក្ខពួកបានរត់គេចខ្លួនអស់ លុះវេលាម៉ោង ១៣ ៖ ៣៥ នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ សម្រេចយកមកសួរនាំ ។
ជនសង្ស័យមានឈ្មោះ ឃន សុខំ ហៅសុខំដំ ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះរួមមាន៖ ទី១-ឈ្មោះ ហែម សារឹទ្ធ ភេទស្រី អាយុ ៤០ ឆ្នាំ និងទី២-ឈ្មោះ អ៊ឹម ប៊ុនរឹត ភេទប្រុស អាយុ ២៤ ឆ្នាំ ពួកគាត់រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃន សុខំ ហៅសុខំដំ បានសារភាពថា ខ្លួនមានគ្នា ០៣ នាក់ ប្រដាប់ដោយកាំបិតខ្វែវ និងដំបងទីប ពិតជាបានចូលទៅកាប់ពលរដ្ឋទាំងនោះមែន ព្រោះពួកគេបានវាយក្មួយប្រុសរបស់ខ្លួនហើមមុខ ។ ចំណែកជនរងគ្រោះទាំង ០២ នាក់ បានឆ្លើយថា ពួកខ្លួនមិនដែលស្គាល់ និងមិនធ្លាប់មានជម្លោះជាមួយជនសង្ស័យម្តងណាឡើយ ។ នៅយប់នោះ ពួកគាត់អង្គុយលេងមុខផ្ទះសុខៗ ស្រាប់តែឃើញជនសង្ស័យ លើកគ្នាមកកាប់ដល់ផ្ទះតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕