អគ្គិភ័យឆាបឆេះទីតាំងលក់ និងប៉ះកង់រថយន្ដមួយកន្លែង យ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុនៅឡើយ បានរងការខូចខាតសម្ភារអស់មួយចំនួនធំ និងបន្តរាលដាលដល់ផ្ទះលក់បាយក្បែរនោះ ខូចខាតសម្ភារអស់មួយចំនួនដែរ ។
ហេតុការណ៍ឆាបឆេះនេះ បានកើតឡើង នៅវេលាម៉ោង ០២ ៖ ៣០ នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទល់មុខមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
សមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់ដឹងករណីអគ្គិភ័យឆេះនេះនៅឡើយទេ កំពុងស្រាវជ្រាវ ខណៈទីតាំងនេះគេបានសាងសង់សណ្ឋាគារមិនទាន់រួចរាល់នៅឡើយ ។
ម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ឃាង ហ៊ួរ ប្រកបអាជីវកម្មលក់កង់រថយន្ដ ។ ក្នុងករណីនេះ អគ្គិភ័យបានលេបត្របាក់សម្ភារៈដូចជា ម៉ាស៊ីនភ្លើង ០២ គ្រឿង ទូកាហ្វេ ០១ ទូទឹកកក ០១ ម៉ាស៊ីនដកកង់ឡាន ០១ កង់ឡាន ០១ ពាន់គ្រាប់ (ថ្មី) និងយ៉ាន់ឡាន ០១ ពាន់ ។ ចំណែកផ្ទះលក់បាយខូចខាតសម្ភារ:ដូចជា កូនក្រឡឹងឈើប្រភេទធ្នង់ និងសុក្រម ០៦ គ្រាប់ គ្រែឈើចំនួន ០២ តុបាយឈើ ០២ គ្រែឈើបេង ០២។ ដោយឡែកតាបឈូសឈើចំនួន ០២ និងឈើមួយចំនួនត្រូវបានឆេះអស់ នៅខាងក្រោយទីតាំងលក់កង់នោះ ។
ក្រោយហេតុការណ៍អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យ ចុះមកតាមបណ្តាស្រុកផ្សេងៗចុះមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា គ្រាន់តែឆេះផ្ទះអស់ ៥០% តែប៉ុណ្ណោះ តែមិនបាត់បង់អាយុជីវិតនោះទេ ៕