(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។
សម្ភារៈដកហូត រួមមាន៖ ម៉ូតូ ចំនួន ៣១ គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន ១១២ សន្លឹក, កាតគ្រីម៉ូតូ ចំនួន ៧២, អត្តសញ្ញាណប័ណ្ណ ចំនួន ១១ ច្បាប់, សំបុត្រកំណើត ចំនួន ០៣ ច្បាប់, ធុងខ្យល់សម្រាប់កឹបផ្លាកលេខ ចំនួន ០១ និងកូនសោមួយចំនួន ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ម្ចាស់ទីតាំងបានគេចខ្លួនបាត់ ។
បច្ចុប្បន្ន ទីតាំងខាងលើ បានត្រូវបានបិទជាបណ្ដោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី ៕