(បន្ទាយមានជ័យ) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ចុះទៅពិនិត្យ ។
លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ គុជ វិតី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក និងបានដកហូតឯកសណ្ឋាន ពណ៌ទឹកប៊ិក មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ០១ កំប្លេរ ស្បែកជើងកវែង ចំនួន ០១ គូរ ស្បែកជើងកខ្លី ចំនួន ០១ គូ មួកឆាងពណ៌ទឹកប៊ិក ចំនួន ០២ មួកប៉េរ៉េ ចំនួន ០១ ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ចំនួន ០១ ខ្សែក្រវ៉ាត់ធំ (ស៊ិនណារ៉ុង) ចំនួន ០១ វិទ្យុទាក់ទង ម៉ាកម៉ូតូរ៉ូឡា ចំនួន ០១ អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន ០១ ពិលពណ៌ខ្មៅ ចំនួន០១ ខ្សែបន្តោងសម្រាប់ដាក់កាត ចំនួន ០១ កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ កាបូបដាក់ប្រាក់ ចំនួន ០១ និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ០១ សន្លឹក ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ ពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថ នោះទេ ។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕