(មណ្ឌលគិរី) ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅភូមិត្រកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយយុវជនម្នាក់បានសម្រេចចិត្តចងកបញ្ចប់ជីវិត ព្រោះតែរឿងសុំបែកពីគូដណ្ដឹង ហើយខាងស្រីបានទូរសព្ទប្រាប់ថា បើមិនយកនាងទេ ត្រូវសងជំងឺចិត្ត ០១ លានដុល្លារ ដោយសារអាចមានការភិតភ័យ និងគ្មានប្រាក់បង់ជំងឺចិត្ត ទើបយុវជននោះសម្រេចចិត្តធ្វើរឿងបែបនេះ ។
ជនរងគ្រោះឈ្មោះ រឿន ទុយ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិព្នង មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឪពុកជនរងគ្រោះ បានឱ្យដឹងថា កូនគាត់សព្វថ្ងៃមានគូដណ្ដឹងរស់នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមួយរយៈក្រោយមកនេះ មិនដឹងយ៉ាងម៉េច កូនគាត់សុំបែកគ្នាពីគូដណឹងនោះ ហើយគូដណ្ដឹងគេក៏បាននិយាយតាមទូរសព្ទប្រាប់មកថា បើមិនយកគេធ្វើជាគូអនាគតទេ គេតម្រូវឱ្យសងជំងឺចិត្ត ចំនួន ០១ លានដុល្លារ ។ លុះពាក់កណ្ដាលយប់ កូនគាត់បាននិយាយថា បើគូដណ្ដឹងគេយកលុយ ០១ លានដុល្លារ មានតែចងកបញ្ចប់ជីវិតហើយ ។
ឪពុកជនរងគ្រោះ បានបន្តថា លុះព្រឹកថ្ងៃទី១៤ ខែកុម្ភៈ គាត់ក៏បានទៅធ្វើស្រែធម្មតា ខណៈកូនគាត់នៅផ្ទះតែម្នាក់ឯង វេលាថ្ងៃត្រង់គាត់ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនប្រុសគាត់បានចងក នៅលើធ្នឹមជញ្ជាំងផ្ទះ ដំបូងគាត់ស្មានតែកូនគាត់នៅរស់ ក៏បានកាត់ខ្សែដាក់ចុះ ទីបំផុតកូនគាត់ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីខាងលើ កម្លាំងសមត្ថកិច្ចនគរបាលគ្រប់ជំនាញ បានចុះទៅដល់ និងបានត្រួតពិនិត្យកន្លែងកើតហេតុ ដោយធ្វើកោសលវិច័យលើសាកសព និងបញ្ជាក់ថា ពិតជាករណីចងកមែន ទើបសមត្ថកិច្ចប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕