(ភ្នំពេញ) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ កាលពីវេលាម៉ោង ១៥ ៖ ៣០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍កាប់ប្លន់ប្រើកាំបិតកាប់ទៅលើបុរសជនជាតិកូរ៉េ ឱ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ហើយប្លន់យកទ្រព្យសម្បត្តិ បានកើតឡើង កាលពីវេលាម៉ោង ០៤ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យទាំង ០៧ នាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ជនសង្ស័យ ចំនួន ០៧ នាក់ រួមមាន ៖
១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ ១៦ ឆ្នាំ
២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ
៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ ១៥ ឆ្នាំ
៤. ឈ្មោះ សុខ ធាសុភា ភេទប្រុស អាយុ ១៥ ឆ្នាំ
៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ ១៦ ឆ្នាំ
៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ ១៥ ឆ្នាំ
៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ ១៦ ឆ្នាំ ។
ក្រោយពីការសាកសួរ ជនសង្ស័យទាំង ០៧ នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពើកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក ។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង ០៧ នាក់ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មើសកាប់ប្លន់ទៅលើជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត ។
បច្ចុប្បន្ន នាយយកដ្ឋាន បានប្រគល់ជនសង្ស័យទាំង ០៧ នាក់ ឱ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕