កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីអូសទាញប្រមូលទិញកាតគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។
តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Telegram ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបន្តក្រើនរំលឹកដល់សាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕