ព័ត៌មានសន្តិសុខសង្គម

មានករណីគប់គ្រាប់បែកចូលក្នុងបន្ទប់ នៅស្រុកបាណន់ ខេត្តបាត់ដំបង សង្ស័យពាក់ព័ន្ធរឿង “ស្នេហាត្រីកោណ”

ករណីជនមិនស្គាល់មុខ លួចគប់គ្រាប់បែកចូលក្នុងបន្ទប់នារីម្នាក់ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ទើបក្លាយទៅជាគំនុំ ដើម្បីសងសឹក ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២ ៖ ៣០ នាទី រំលងអាធ្រាត្រ នៅចំណុចទួលក្រសាំង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់គ្រាប់បែក ចូលក្នុងបន្ទប់កូនស្រីរបស់ឈ្មោះ ស៊ុក កុយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅចំណុចកើតហេតុខាង​លើ បណ្តាលឱ្យរបួសឈ្មោះ ស៊ុក ថាវី ភេទប្រុស អាយុ ១២ ឆ្នាំ ចំកន្លែងជើងឆ្វេងត្រង់ភ្មែកគោ និងបាតជើងខាងស្តាំ ។

បើតាមការចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងកើតហេតុ ពីសំណាក់សមត្ថកិច្ចជំនាញ បានបង្ហាញថា ករណីនេះ គឺជនសង្ស័យ បានប្រើប្រាស់គ្រាប់បែកប្រភេទអន្លូង គប់ចូលទៅក្នុងបន្ទប់កូនស្រីរបស់ម្ចាស់ផ្ទះ បណ្តាលឱ្យអំបែងសាចពេញបន្ទប់ និងធ្លុះធ្លាយដំបូលដូចរន្ធបាយខុម ។

បើតាមតម្រុយដែលសមត្ថកិច្ច បានបង្ហើប គឺគេអាចសន្និដ្ឋានបឋមថា រឿងនេះគឺជារឿងគំនុំ ឬក៏អាចពាក់ព័ន្ធរឿងស្នេហាត្រីកោណ ដោយបច្ចុប្បន្ន សមត្ថកិច្ច កំពុងកំណត់មុខសញ្ញាបានហើយ និងត្រៀមនាំខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *