(ពោធិ៍សាត់) ៖ នៅវេលាម៉ោងជាង ១៨ យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនដៃដល់ ចំនួន ០២ នាក់ បានចូលទៅបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសពីរនាក់ប្តីប្រពន្ធ និងម្តាយ នៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា ចំនួន ០២ នាក់ ហើយបានចូលទៅបាញ់ជនរងគ្រោះ ដែលគេស្គាល់ថាមានមុខរបររកស៊ីលក់ត្រី បណ្តាលឱ្យរងរបួសធ្ងន់ពីរនាក់ប្តីប្រពន្ធ និងស្រ្តីជាម្តាយ ។
យោងតាមសមត្ថកិច្ច បានបង្ហើបជាបឋមថា ជនរងគ្រោះ ទី-១ ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្ម (ទិញលក់ត្រី) រងរបួសធ្ងន់ កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់ ទី-២ ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី-៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ ជនរងរបួស កំពុងសម្រាកព្យាបាល ។
យោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព ខ្មាន់កាំភ្លើងមានគ្នា ចំនួន ០២ នាក់ មធ្យោបាយដោយម៉ូតូ ០១ គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ (ជនដៃដល់) ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅ ដោយមានកាន់អ្វី ០១ ដុំ ទៅលើតុ ហើយទាញមកវិញ ខណៈនោះដកកាំងខ្លីពីចង្កេះ បាញ់រះ ចំនួន ០៦ គ្រាប់ បណ្ដាលឱ្យជនរងគ្រោះរងរបួសដួលរណូករណែល ភ្លាមនោះ ជនបង្ករត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុ ក្រោយកើតហេតុបន្តិច មានសមត្ថកិច្ច ចុះមកដល់ដើម្បីធ្វើការពិនិត្យ ដើម្បីស្វែងរកចាប់ជនដៃដល់ ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ៕