កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលកម្លាំងការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង។
ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍ ក្នុងការឃាត់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តដើម្បីអនុវត្តតាមនិតិវិធី៕