ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 ចំនួន ២ទីតាំង នៅកណ្តាលរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូ តូចធំ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ចំនួន ០២ ទីតាំង និងឃាត់ខ្លួនមនុស្សជាង ១០ នាក់ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាកាហ្វេ នៅតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងសង្កាត់បឹងព្រលិត និងមួយទីតាំងទៀតស្ថិតនៅទីតាំងយីហោ ឃ្វីនសាឡន ក្នុងមូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានបញ្ចាក់ថា ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះចំនួន ០២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឱ្យស៊ីជម្រៅនោះទេ ថា ល្បែងស៊ីសងប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ ។

ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានចម្ងល់ថា កន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះ មានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនឃើញមានការចុះបង្ក្រាបនោះឡើយ ស្រាប់តែពេលនេះ មន្ត្រីជំនាញ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888 នេះ ។

មហាជនបានលើកឡើងទៀតថា បើល្បែងស៊ីសងប្រភេទឡូតូ 8888 នេះ ខុសច្បាប់មែន ទីតាំងល្បែងស៊ីសងប្រភេទនេះមានច្រើនទីតាំងទៀត និងកំពុងរីកដុះដាលពេញទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានមួយចំនួន ស្ទើរគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕

 

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *