(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ១៨ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស បានប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និងលួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ ) និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខរួមគ្នាជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៨ នាក់ ពីបទល្មើសដោយឡែកពីគ្នា និងដកហូតបានម៉ូតូទាំងអស់ ចំនួន ០៩ គ្រឿង កាំបិតប៉័ងតោ ចំនួន ០៣, ដុំថ្មចំនួន ០៣ ដុំ និងកាំភ្លើងខ្លី (ប្រើប្រាស់ហ្គាស) ម៉ាកឡុក ១៧ មួយដើម ។
លោកនាយការិយាល័យ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលការិយាល័យកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង ចំនួន ០៦ នាក់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ០៣ ករណីផ្សេងគ្នា ប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តទៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ក្រៅពីនេះនគរបាលខណ្ឌឫស្សីកែវ សហការជាមួយការិយាល័យ ស្រាវជ្រាវ ឃាត់ខ្លួនក្រុមក្មេងទំនើង (រហ័សនាម NY3) ចំនួន ០៧ នាក់ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពីបទហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទង្ងន់ទោស (យកកាំបិតប៉័ងតោលកាប់ជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូ ប្រព្រឹត្តិកាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង ០៥ នាក់ទៀត កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយការិយាល័យ ស្រាវជ្រាវជនសង្ស័យ ចំនួន ០៥ នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធបទលួចមានស្ថានទង្ងន់ទោស ដោយប្រព្រឹត្តិហិង្សា (ធាក់ផ្តួលប្លន់យកម៉ូតូ) ចំនួន ០៣ ករណីផ្សេងគ្នា ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនមកកាន់ការិយាល័យ បង្ហាញមុខរួមគ្នា រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕