ព័ត៌មានសន្តិសុខសង្គម

ឈ្មួញចាក់ដីលុបម៉ុងខ្មោចជាង ៦០កន្លែង នៅជើងភ្នំសំពៅ បណ្ដាលឱ្យមានប្រតិកម្ម

(បាត់ដំបង) ៖ រឿងដែលមិនគួរឱ្យកើតមួយបានផ្ទុះឡើង នៅកន្លែងធ្វើព្រះជើងភ្នំសំពៅ ស្ថិតនៅក្នុងតំបន់វត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលឈ្មួញបានចាក់ដីលុបម៉ុងខ្មោចជាង ៦០ កន្លែង បណ្ដាលឱ្យកូនចៅប្រជាពលរដ្ឋដែលជាម្ចាស់ម៉ុង ប្រតិកម្មផ្អើលឆោឡោនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។

យ៉ាងណាក៏ដោយអាជ្ញាធរមូលដ្ឋានឃុំ ក៏ដូចជាស្រុក មិនបានដឹងរឿងនេះទេ ហើយចាត់ទុកទង្វើនៃការចាក់ដីលុបម៉ុងខ្មោចនោះថា ខុសច្បាប់ទាំងស្រុង ។

ប្រភពបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្ងាត់ៗស្រាប់តែគ្រឿងចក្រជាច្រើន បានដឹកដីមកចាក់លុបម៉ុងខ្មោច ប្រហែលជាង ៦០ ម៉ុង នៅជើងភ្នំសំពៅដែលជាម៉ុងរាប់តំណរមនុស្សមកហើយ ។

ប្រភពបានប្រាប់ថា អ្នកផ្ដួចផ្ដើមគំនិតឱ្យមានការចាក់ដីលុបម៉ុងខ្មោចនេះគឺឈ្មោះ អ៊ី ថៃឡុង រស់នៅរាជធានីភ្នំពេញ ។ ក៏ប៉ុន្តែមិនគោលបំណងនៃការដឹកដីមកចាក់លុបម៉ុងខ្មោចអ្នកដទៃឆៅៗនេះ គេមិនដឹងនៅឡើយ ពីព្រោះសូម្បីតែជំទប់ទី១ ឃុំភ្នំសំពៅ ដែលមានវត្តមាននៅទីតាំងកើតហេតុ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក៏មិនដឹងអំពីមូលហេតុដែរ ។

ប្រជាពលរដ្ឋដែលមានជីដូនជីតារាប់តំណរ ត្រូវបញ្ចុះសពក្នុងម៉ុងនៅទីតាំងខាងលើនិយាយថា ស្ងាត់ៗស្រាប់ តែគេឃើញគ្រឿងចក្រ ដឹកដីមកចាក់លុបម៉ុងដូនតារបស់គាត់ឆៅៗតែម្ដងបង្កឱ្យមានប្រតិកម្មជាច្រើន ។ នៅពេលដែលសួរនាំមេការគ្រឿងចក្រទាំងនោះ គឺមិនមាននរណាដឹងអំពីគោលបំណងច្បាស់លាស់នោះទេ ។

យ៉ាងណាក៏ដោយពួកគាត់មិនបដិសេធនោះទេ ប្រសិនបើគោលដៅនៃការលុបម៉ុងខ្មោចនេះ ក្នុងបំណងអភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។ ប៉ុន្តែ ប្រសិនបើមានការអភិវឌ្ឍណាមួយនោះ ក៏គួរតែធ្វើឡើងតាមរយៈអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នជំនាញ មិនមែនឱ្យពួកឈ្មួញមកចាក់ដីលុបលើម៉ុងខ្មោចឆៅៗយ៉ាងនេះទេ ។

អភិបាលស្រុកបាណន់ លោក ស្រេង សុខា បានអះអាងប្រាប់អ្នកអ្នកសារព័ត៌មានថា ទង្វើនៃការចាក់ដីលុបម៉ុងខ្មោចនៅភ្នំសំពៅនោះគឺពិតជាខុសច្បាប់ ។ ជាមួយគ្នានេះដែរជំទប់ទី១ ឃុំភ្នំសំពៅដែលមានវត្តមាននៅទីតាំងកើត ហេតុក៏បានអះអាងពីភាពមិនស្របច្បាប់ ឬមិនយល់អំពីគោលបំណងនៃការចាក់ដីលុបម៉ុងខ្មោចអ្នកដទៃក្នុងទង្វើបំពានច្បាប់យ៉ាងនេះដែរ​ ។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ុងខ្មោចជាច្រើនជាង ៦០ កន្លែងនោះ សកម្មភាពចាក់ដី បានផ្អាកដំណើរការ ដោយមេការក៏បានរត់ពីកន្លែងកើតហេតុបាត់ទៅ ។

ប្រជាពលរដ្ឋម្ចាស់ម៉ុង សំណូមពរអាជ្ញាធរខេត្តបាត់ដំបង ដោះស្រាយបញ្ហានេះឱ្យបានស្របច្បាប់ និងសមរម្យទៅតាមអ្វីដែលជាគោលដៅច្បាស់លាស់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *