(ព្រៃវែង) ៖ អាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុមនៅក្នុងប្រទេសកម្ពុជា រួមនឹងគ្រឿងញៀនជាច្រើនប្រភេទ ត្រូវបានបង្ក្រាបបាន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការធ្វើវិធានការរដ្ឋបាលចំហ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ១ កាលពីពេលថ្មីៗនេះ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិវៀតណាម រួមនឹងបក្ខពួក ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ ហ្វាមថី មិនហុង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម , ទី២ មានឈ្មោះ កៅថី ធីវឹង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម , ទី៣ មានឈ្មោះ ហ្វាម កៅអាន់ទឹង ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម។
ជាការកត់សម្គាល់ ជនសង្ស័យឈ្មោះ កៅថី ធីវឹង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាមគឺមានដីកាបង្កាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនតាមសាលក្រមស្ថាពរលេខ ២១០ បគ ចខឃ/២២ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឌិន ស៊ីវុទ្ធី ដោយអនុវត្តទោស ដាក់ពន្ធនាគារកំណត់មួយជីវិត ស្តីពីបទល្មើស ផលិតដោយខុសច្បាប់នូវសារធាតុញៀន និង រក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានហៅតាក់ស៊ី ដើម្បីដឹកខ្លួន និងបក្ខពួក ២នាក់ទៀត (ជនជាតិវៀតណាមទាំង ៣នាក់) រួមនឹងគ្រឿងញៀនមួយចំនួន (ច្រកថង់បិទជិត) នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គោលបំណងដឹកចេញពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង។
លុះធ្វើដំណើរមកដល់ចំណុចគោលដៅត្រួតពិនិត្យ ចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានព័ត៌មានពីភ្នាក់ងារផងនោះ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សុំកិច្ចសហការពីម្ចាស់រថយន្ត ដើម្បីធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញម្សៅពណ៌សចំនួន ២ដុំ សង្ស័យជាសារធាតុញៀន និងម្សៅពណ៌កាហ្វេចំនួន ១ដុំធំ សង្ស័យជាសារធាតុញៀន រួមទាំងសម្ភារវេចខ្ចប់ជាច្រើនទៀត ។
បន្ទាប់ពីត្រួតពិនិត្យ និងសួរនាំបឋម ជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង បានសារភាពថា វត្ថុតាង និងសម្ភារខាងលើ គឺជារបស់ខ្លួន ។ ភា្លមៗកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បាននាំខ្លួនជនសង្ស័យទាំង ៣នាក់រួម និងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសួរនាំបន្ថែមតាមនីតិវិធី។
ក្រោយសួរនាំ កម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនជនសង្ស័យឈ្មោះ ហ្វាមថី មិនហុង ទៅចង្អុលបង្ហាញទីតាំងផ្ទះរបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីឆែកឆេររកឃើញគ្រឿងញៀនជាច្រើនប្រភេទបន្ថែមទៀត។
សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់បានគ្រឿងញៀនជាច្រើនប្រភេទរួមមាន ១. ម្សៅពណ៌សទម្ងន់ ៧០៤,៤៣ ក្រាម (ហេរ៉ូអ៊ីន), ២. ម្សៅពណ៌ត្នោត ៩៩៣,៨៣ ក្រាម (MDMA), ៣. ម្សៅម៉ត់ ១១៣,៥៥ ក្រាម (MDMA), ៤. ម្សៅពណ៌ស ១,៩៩ ក្រាម (មេតំហ្វេតាមីន), ៥. ម្សៅពណ៌សម៉ត់ ១៧៧,៥១ ក្រាម (កេតាមីន), ៦. រុក្ខជាតិក្រៀម ២.៥១២ ក្រាម, ៧. ម្សៅចំរុះ ១២.២៨៨ ក្រាម (មិនទាន់ច្បាស់លាស់) រួមនឹងសម្ភារមួយចំនួនធំទៀត ។ សរុបម្សៅ និងរុក្ខជាតិដែលសង្ស័យជាសារធាតុញៀនគឺមានប្រមាណជិត ១៧ គីឡូក្រាម៕