(ភ្នំពេញ) ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កើតការងារជិត ៣.០០០នាក់។
ការថ្លែងនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្នុងគ្រានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អគារស្នាក់ការកណ្តាលធនាគារវីង គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន»។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី សង្ឃឹមថា អគារធនាគារវីងថៅវើ នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀត នៅក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញសន្ទុះវិស័យធនាគារនៅកម្ពុជា។
សូមជម្រាបជូនថា អគារធនាគារ វីងថៅវើ មានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្ដាលរបស់ធនាគារវីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ បានវិវត្តន៍ខ្លួន ពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ ទៅជាធនាគារពាណិជ្ជពេញលេញ។
ផ្នែកនៃអគារនេះចំនួន ៣ជាន់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារ ប្រកបដោយប្រណីតភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួន ក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថល សម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប៕