ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ស្នើឱ្យទីក្រុងប៉េងកាំង រួមចំណែក ក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុង ឲ្យកាន់តែល្អប្រសើរឡើង

(ភ្នំពេញ) ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកឃួង ស្រេង បានជម្រាបជូនលោក លូ យ៉ាន ថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។

លោក បានលើកឡើងបន្ថែមថា ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមានតម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះ ដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ លោក បានសូមមិត្តចិន ជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកដើរលេងកម្សាន្តនៅកម្ពុជា។ លោក សង្ឃឹមថា តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ នឹងធ្វើឲ្យភ្ញៀវទេសចរចិន មានកំណើនថែមទៀត។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា និងប្រទេសចិន ពិសេសគឺទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងចងជាគណនី Media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យមានកំណើនកើនឡើង។

លោក បានលើកឡើងថា ភ្នំពេញមានមហាវិថីមួយឈ្នោះម៉ៅសេទុង ហើយស្ថានទូតចិន ក៏មានទីតាំងនៅលើមហាវិថីម៉ៅសេទុងផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ចង់ឱ្យទីក្រុងប៉េងកាំងរួមចំណែក ក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះ ឲ្យកាន់តែល្អប្រសើរឡើង។ ក្រៅពីនេះ លោក បានសូមចិនជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធានមនុស្សបានល្អ ។

ជាការឆ្លើយតប លោក លូ យ៉ាន បានលើកឡើងថា ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ មានបញ្ហាប្រឈមដូចគ្នា ទៅលើ ការកកស្ទះចរាចរណ៍ និងបញ្ហាសំរាម សំណល់រឹង។ រាជធានីភ្នំពេញ និងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ ៥ឆ្នាំហើយ ។

លោក បានបញ្ជាក់ថា ការជួបពិភាក្សាការងារនៅពេលនេះគឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អនិងយូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនង ដែកថែប និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំ និងកាន់តែជ្រៅជ្រះ។

លោក បានសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង នៅពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ លោក ថាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក ក៏បានស្នើឱ្យពង្រឹងការផ្លាស់ប្ដូរបន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ និងចង់បង្កើតនៅគណនីមេឌា លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *