(បាត់ដំបង) ៖ ត្រាក់ទ័រ ០១ គ្រឿង ចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សង្គ្រាម បណ្ដាលឱ្យផ្ទុះលាន់កក្រើក កាលពីវេលាម៉ោង ០៩ ៖ ២០ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ខណៈត្រាក់ទ័រខូចខាតទាំងស្រុងផ្នែកខាងមុខ ។
យោងតាមប្រភពពត៌មាន បានឱ្យដឹងថា អ្នកបើកបរត្រាក់ទ័រឈ្មោះ ភម ភេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត របួសធ្ងន់នៅលើផ្ទៃមុខ រីឯត្រាក់ដាច់កង់មុខម្ខាង ខណៈម៉ាស៊ីនត្រូវខូចខាតស្ទើរទាំងស្រុងតែម្ដង ។
បើតាមប្រភពដដែល បានបញ្ជាក់ថា ដីចម្ការនោះ ត្រូវបានម្ចាស់ភ្ជួរដាំពោត ដាំដំឡូងស្ទើររាលឆ្នាំ តែឆ្នាំនេះ ពេលបើកត្រាក់ទ័រចុះភ្ជួរជាថ្មី ក៏ស្រាប់តែកិនចំគ្រាប់មីនតោនផ្ទុះលាន់កក្រើកដីទាំងព្រឹកតែម្ដង ។ អាជ្ញាធរដែនដីបានប្រាប់ថា កន្លែងដែលត្រាក់ទ័រកិនមីនតោនផ្ទុះនោះ ជាទីតាំងសមរភូមិអំឡុងសម័យសង្គ្រាម ហើយម្ចាស់ចម្ការតែងប្រើប្រាស់ត្រាក់ទ័រភ្ជួរដាំដំណាំ រាល់ឆ្នាំ តែពុំដែលមានគ្រោះថ្នាក់ លុះចុះភ្ជួរលើកនេះជួបគ្រោះថ្នាក់តែម្ដង ។
មន្ត្រីដដែល បានបញ្ជាក់ថា បើតាមការពិនិត្យគ្រាប់មីនប្រឆាំងរថក្រោះ (មីនតោន) នេះគឺជាកាកសំណល់នៃសង្គ្រាម ត្រូវគេកប់ដីក្នុងចន្លោះទសវត្សឆ្នាំ១៩៨០ និងទសវត្សឆ្នាំ១៩៩០ ។ ការផ្ទុះនេះទំនងត្រាក់ទ័របើកទៅស្លុះដី ដោយសារភ្លៀវធ្លាកខ្លាំង ។ បើតាមមើលត្រាក់ទ័របើកកិនកង់ខាងមុខ ផ្នែកខាងស្ដាំ ព្រោះដាច់កង់មុខមួយចំហៀង តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសធ្ងន់ មិនគ្រោះថ្នាក់ដល់ជីវិត ។
យ៉ាងណាក្ដី ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ បើតាមអាជ្ញាធរ បានបញ្ជាក់ថា ពេលនេះគេបានរាយការណ៍ប្រាប់មន្ត្រីអង្គភាពកម្ចាត់មីន ដើម្បីចុះរករកគ្រាប់មីននៅតំបន់នោះហើយ ក្រែងនៅមានសេសសល់គ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះដទៃទៀត ៕