សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមាន ដើម្បីរួមគ្នាទាក់ទាញទេសចរណ៍។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធីបិទ “បុណ្យសមុទ្រលេីកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” ខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខេត្តទាំង៤ នៃឆ្នេរសមុទ្រ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង “។ សម្តេចធិបតី បានបញ្ជាក់ថា “ខេត្តនីមួយៗសុទ្ធតែមានសក្កានុពល ដូច្នេះត្រូវពង្រឹងសក្កានុពលរបស់ខ្លួនក្នុងន័យមិនមែនប្រកួតប្រជែងគ្នា ជាការសហការគ្នា”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កម្ពុជានឹងខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍ “។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើ ពិភពលោក និងសមជាតារារះនាទិសនិរតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរ តភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ ដំណើរទេសចរណ៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើ សន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និង ឧក្រិដ្ឋកម្មឆ្លងដែននោះទេ។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតនិងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ដោយផ្ទាល់និងដោយប្រយោល លើកកម្ពស់ជីវភាពរស់នៅ ជំរុញការនាំចេញនៅនឹងកន្លែង ជំរុញកំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពិសេស ចូលរួមដល់ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួល អាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល៕