បាត់ដំបង: ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ជាខេត្តមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះសម្បូរ
ទៅដោយសម្បត្តិធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយរាប់ថា លេចធ្លោរជាងគេក្នុងចំណោម២៥ខេត្តក្រុងរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនិងនោះក៏ជាខេត្តមួយដែលសម្បូរបញ្ហាមិនចេះចប់ មិនចេះហើយទោះបីថ្នាក់ដឹកនាំខេត្តខំព្យាយាមដោះក្រៅប្រព័ន្ធតុលាការយ៉ាងណា ចំពោះ បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ទន្ទ្រានយកដី យកចំណីស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។
បញ្ហាមិនចេះចប់មិនចេះហើយ តែងតែបង្កឲ្យមតិមហាជនភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិរបស់ខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវមានសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ថ្នាក់ជាតិ ។
ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងស្ទឹង ហៅថាស្ទឹងសង្កែនៅ ក្នុងស្រុកឯកភ្នំដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះប៉ះពាល់ចំនីស្ទឹងសង្កែតាមបណ្តោយច្រាំងស្ទឹងក្នុងភូមិខ្វិត ឃុំខ្ពប ស្រុកឯកភ្នំ។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើចំនីច្រាំងស្ទឹងថ្មីៗ ។
សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តដែលនិយម និងតាមដានគេហទំព័រសាយប៉ូចហតញ៉ូស៍ឲ្យបានជ្រាបថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេ ស្ទឹង បឹងនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។
យោងតាមអនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាលកម្ពុជា
ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលស្រុកអភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីធនធានទឹក ។ល។ដែលមិនមានប្រតិកម្មចំពោះការដ្ឋានដែលចាប់ផ្តើមថ្មីៗនេះ។
អាជ្ញាធរបានចេញសេចក្តីប្រកាសឲ្យផ្អាកហើយ ម្តេចក៏ម្ចាស់សំណង់មួយនេះនៅតែគគ្លើនមិនគោរពតាមសេចក្តីណែនាំរបស់អជ្ញាធរ ?
ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំក៏ដូចជាសំណូមពរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំង ចុះត្រួតពិនិត្យនៅបញ្ហាការសាងសង់សំណង់រឹងមាំថ្មីៗនេះផងទាន។
ដើម្បីជួយទប់ស្កាត់ការសាងសង់ជាបន្ដបន្ទាប់ទៅទៀត៕
អង្គភាពយើងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។