ឯកឧត្តម នេត្រ ភក្ត្រាបានមានប្រសាស៍ថា៖ ក្រសួងព័ត៌មាននឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មានកាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបក្រសួងព័ត៌មានមានគម្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មានកាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃសង្គមឌីជីថល»។នេះជាការថ្លែងឲ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជេីញជាធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មានប្រមាណ៣៨១នាក់ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ។
ជាមួយនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបន្តថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានស្តង់ដា ប្រតិបត្តិលើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍នៅទូទាំងប្រទេសដើម្បីលើកតម្លើងតំលៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មាន ពិត រហ័ស និងមានខ្លឹមសារល្អ»។
ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ជូនពីការៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោល បំណងដេីម្បីពង្រឹង និងបង្កេីនសមត្ថភាពដល់អ្នកសារព័ត៌មាន ឱ្យកាន់តែមានភាពរឹងមាំនិងប្រសិទ្ធិភាពខ្ពស់ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ ។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឱ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះ មានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឱ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៍គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ ៕