ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧ សេវាថែទាំក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣
(បាត់ដំបង)៖ ក្នុងដំណើរដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យការផ្តល់សេវា សុខាភិបាលមូលដ្ឋាន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ក្នុងខេត្តបាត់ដំបង កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមឯកឧត្តមជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួងសុខាភិបាល ក្នុងអណត្តិទី៧នេះ លោកនឹងខិតខំប្រឹងប្រែងដំណើរការងារឱ្យបានប្រសើរឡើងដើម្បីជាការដឹងគុណដល់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានអនុវត្តន៍ការងារកន្លងមក។
ឯកឧត្តមសាស្ត្រាចារ្យបន្តថា សុខភាពជាគោលដៅសំខាន់ដែលប្រជាពលរដ្ឋទន្ទឹមរង់ចាំ ព្រោះសុខភាពជាទ្រព្យសម្បត្តិដ៏មាន តម្លៃសម្រាប់ពលរដ្ឋយើង ហើយដើម្បីសម្រេចជោគជ័យលើវិស័យសុខាភិបាល /ទី១-បង្កើនសកម្មភាពអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីលើកកម្ពស់សុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង /ទី២-បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដែលក្នុងនោះត្រូវលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ ជំងឺរបេងនាឆ្នាំ២០៣០ និងជំងឺអេដស៍នាឆ្នាំ២០២៥ /ទី៣-ទប់ស្កាត់នឹងការរីករាលដាលជំងឺឆ្លងជាសាកលដែលកើតមាន /ទី៤-ប្រយុទ្ធនឹងជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង។ល។ /ទី៥- ប្រយុទ្ធនឹងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ /ទី៦-ធ្វើឱ្យកាន់តែប្រសើរឡើងការពិនិត្យព្យាបាលទូលំទូលាយនៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងកម្មវិធីគាំពារ សង្គម ដូចជា ប.ស.ស មូលនិធិសមធម៌ /ទី៧-លើកកម្ពស់គុណភាពថែទាំ ទាំងសេវាសាធារណៈ និងឯកជន /ទី៨-អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលទូទាំងប្រទេស ដើម្បីបញ្ជូនអ្នកជំនាញឱ្យដល់មូលដ្ឋាន ពោលគឺបង្ខិតសេវាឱ្យ កាន់តែគៀកប្រជាពលរដ្ឋ /និងទី៩-អភិវឌ្ឍន៍សុខភាពឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា អាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧នេះ គឺសេវាថែទាំដែលនឹងត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀត ដោយនៅចំពោះមុខនេះ ក្រសួងនឹងអនុវត្តផែនការសកម្មភាពចំនួន៣ រួមមាន៖ /ទី១-ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអគារ បំពាក់សម្ភារៈ បរិក្ខារបន្ថែម រួមទាំងការផ្គត់ផ្គង់ឱសថ ពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីធានាការផ្តល់សេវា២៤ម៉ោង /ទី២-ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ នៃសេវា ទាំងនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ព្រមទាំង និយ័តកម្មសេវាឯកជនឱ្យកាន់តែប្រសើរឡើង និងត្រូវយកសេវាឯកជនជាដៃគូនឹងសេវាសាធារណៈ /ទី៣-ពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់លើភាពជាអ្នកដឹកនាំ ជំនាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តខាងលើ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក «ត្រូវមានស្មារតី រួបរួមសាមគ្គី, ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវាបញ្ជូនអ្នកជំងឺឱ្យបានរហ័សទាន់ ពេលវេលា និងសមរម្យ, ត្រូវស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងសមស្រប, ត្រូវទទួល ខុសត្រូវចំពោះភារៈកិច្ច និងកាតព្វកិច្ចរបស់ខ្លួន, ត្រូវគោរពការសម្ងាត់វិជ្ជាជីវៈ, ត្រូវគោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ, ត្រូវគិតផលប្រយោជន៍រួម និងត្រូវគោរពឋានានុក្រមការងារ»។