ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានានៅខេត្តបាត់ដំបង
(បាត់ដំបង)៖ បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្នុងអាណត្ដិទី៧ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា បានអញ្ចើញដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងមណ្ឌលសុខភាពនានានៅក្នុងខេត្តបាត់ដំបងផងដែរ។
ជាមួយបេសកកម្មថ្ងៃដំបូងនេះដែរ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងមន្ទីរសុខាភិបាលខេត្ដបាត់ដំបង និងពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ អោយកាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួលក្នុងការទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារនេះផងដែរ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។
ជាមួយដំណើរការបេសសកម្មចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ក៏បានសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលជាអ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រកបដោយភាពស្និទស្នាល និងផ្ដល់ភាពកក់ក្ដៅជូនគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ ហើយលើសពីនោះ ឯកឧត្តមសាស្ដ្រាចារ្យ ក៏ទទួលបានការស្វាគមន៍ និងក្ដីស្រលាញ់ពេញចិត្ដយ៉ាងខ្លាំង ពីមន្ដ្រីបុគ្គលិក និងប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា បន្ទាប់ពីការសំណេះសំណាលជាមួយនឹងមន្ដ្រីសុខាភិបាលនៅខេត្ដបាត់ដំបង ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា នឹងបន្ដដំណើរបេសកកម្មការងារជាបន្ដបន្ទាប់នៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។