ព័ត៌មានជាតិ

សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ

សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ

ខេត្តពោធិ៍សាត់÷សកម្មភាពកាប់និងអារឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងភូមិសាស្ត្រភូមិឈើទាលជ្រុំឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បាននិងកំពុងកើតមានយ៉ាងសកម្ម ដែលក្រុមមន្ត្រីបរិស្ថាននៅទីនោះអះអាងថា ជាសកម្មភាពរបស់អ្នកភូមិកាប់ឈើដើម្បីយកទៅសង្ឃលំនៅឋាន។ គេមិនដឹងថាតើសកម្មភាពកាប់ឈើដើម្បីសង់លំនៅឋានទាំងនោះស្របច្បាប់ឬមិនស្របច្បាប់នោះទេ។

លោកថាន់ សុភារិន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជា ដែលយកមកសាងសង់លំនៅឋាន។ យ៉ាងណាក៏ដោយលោកបានឲ្យមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យមើលថា តើ មានសកម្មភាពដឹកជញ្ជូនឈើ ដូចសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែតដែរឬទេ? លោកបានឲ្យដឹងថា ក្រុមមន្ត្រីបរិស្ថានបាននិងកំពុងតាមដានគ្រប់សកម្មភាពនៃការកាប់ឈើរបស់ប្រជាពលរដ្ឋ ប៉ុន្តែភាគច្រើនគឺប្រជាពលរដ្ឋយកទៅធ្វើលំនៅឋានប៉ុណ្ណោះ។

ប្រភពពីសមត្ថកិច្ចដទៃបានឲ្យដឹងថា សកម្មភាពកាប់ឈើនៅក្នុងដែនជម្រៅសត្វព្រៃភ្នំសំកុសកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងក្រោមដែនសមត្ថកិច្ចដឹកនាំរបស់លោក ថាន់ សុភារិន ហើយមិនតែប៉ុណ្ណោះមន្ត្រីម្នាក់នេះក៏ជាប់ជំពាក់និងរបររកស៊ីកាប់នឹងដឹកជញ្ជូនឈើជាមួយបក្សពួកនៅក្នុងមូលដ្ឋាននេះដែរ។ នៅពេលដែលសកម្មភាពដឹកជញ្ជូនបែកធ្លាយលោកតែងតែចោទថាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគណៈកាប់ឈើដើម្បីយកទៅធ្វើលំនៅឋាន។ ប៉ុន្តែបើតាមពិនិត្យជាក់ស្ដែងឈើដែលដឹកចេញ ពីព្រៃមកនោះមិនមែនជាប្រភេទឈើសម្រាប់សង់ផ្ទះសម្បែងដូចដែលលោកបានលើកឡើងនោះទេ។

ប្រភពបានឲ្យដឹងថា សកម្មភាពដឹកឈើចេញពីតំបន់អភិរក្សភ្នំសំកុស បានធ្វើឡើងដោយបើកចំហក្រោមខ្សែ ភ្នែករបស់ពួកមន្ត្រីបរិស្ថាននៅតំបន់នោះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋមកពីខេត្តកំពត, កំពង់ស្ពឺ.តាកែវ…បានចូលទៅកាប់និងទិញឈើនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ជារៀងរាល់ថ្ងៃ ដោយមិនមានការរំខានពីសមត្ថកិច្ចបរិស្ថានដែលប្រចាំ ការនៅទីនោះឡើយ។ ពួកមន្ត្រីនៅទីនេះមិនត្រឹមតែបិទភ្នែកបើកឲ្យមានបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកឃុប ឃិតហើយមានការកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនថែមទៀតផង។

ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចនិងត្រួត ពិនិត្យមើលបញ្ហានេះឡើងវិញពាក់ព័ន្ធទៅនឹងសកម្ម ភាពនៃការឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅ ក្នុងតំបន់ដែនអភិរក្សភ្នំសំកុសឋិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នេះ។ គេសង្ឃឹមថាក្រសួងបរិស្ថាន ក្រោម ការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបណ្តោយឲ្យពួកមន្ត្រីតួយ៉ាងដូចជាលោកលោក ថាន់ សុភារិន ធ្វើអ្វីស្រេចតែអំពើចិត្តផ្ដេសផ្ដាសតទៅ ទៀតឡើយ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *