សាលាដំបូងខេត្តព្រះវិហារ ដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនផល-អនុផលព្រៃឈើល្មើសច្បាប់
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើត្បែងមាន ជ័យ នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នៅរសៀលថ្ងៃទី២០ សីហា ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងនៅក្រោយការចាប់រថយន្តដឹកឈើ ១គ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី១៩ ខែសី ហា ឆ្នាំ២០២៣ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
កំណត់ហេតុសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យបង្ហាញថា នៅក្នុងការចុះចាប់ឃាត់រថយន្តសាំយ៉ុង ១ គ្រឿង ពណ៌លឿង ពាក់ស្លាក់លេខ ភ្នំពេញ 2AL-6790 ដែលដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះ សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះប្រតិបត្តិការរុករកស្រាវ ជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយបានចាប់ឃាត់ការដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ នាវេលាម៉ោង៣និង១០នាទី រសៀល ថ្ងៃទី១៩សីហា ២០២៣។
កំណត់ហេតុបានបង្ហាញថា ក្រោយការចាប់ឃាត់រថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ១គ្រឿងនោះ សមត្ថកិច្ចបានដកហូតបានឈើអារប្រភេទលេខ១(ឈើសុក្រម)ចំនួន ២៩ដុំ ស្មើនឹង ៣ម៉ែត្រគូបត្រីគុណ៨៩ និងនៅពេលត្រួតពិនិត្យ ជនល្មើសបានរត់គេចខ្លួនបាត់ ប៉ុន្តែនៅជនឈ្មោះ ផេង សុភា ភេទប្រុស រស់នៅភូមិក្រាំងដូង ឃុំក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានស្ថិត នៅទីនោះ។
បុរសឈ្មោះ ផេង សុភា ឆ្លើយបំភ្លឺសមត្ថកិច្ចថា រថយន្ត និងឈើអារទាំងនេះ មិនមែនជារបស់ខ្លួនគេនោះទេ គឺ ជាឈើរបស់ឈ្មោះ រី ភេទប្រុសរស់នៅភូមិឃុំជាមួយគ្នា ចំណែកខ្លួនគ្រាន់តែជាកម្មករលើកឈើឲ្យឈ្មោះ រី នោះតែប៉ុណ្ណោះ រីឯការដឹកជញ្ជូនផល-អនុផលព្រៃឈើនោះ ជនឈ្មោះ ផេង សុភា នោះបានទទួលស្គាល់ថា ពិតជាគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះមែន។
ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចបានរាយការណ៍ជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ខណៈនោះ ព្រះរាជអាជ្ញារងខេត្ត លោក ថុល គឹមហ៊ឹង បានបញ្ជាផ្ទាល់មកសមត្ថកិច្ចតាមទូរស័ព្ទឲ្យនាំយករថយន្តដឹក ឈើ ១គ្រឿង និងជនឈ្មោះ ផេង សុភា មកកាន់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ។
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ នៅរសៀលថ្ងៃទី២០ ខែសីហា ២០២៣ បានបញ្ជូនជនសង្ស័យ ឈ្មោះ ផេង សុភា ទៅកាន់សាលាដំបូងខេត្ត និងក្រោយបញ្ចប់ការ សាកសួរអស់ពេលច្រើនម៉ោងពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារនោះមក ជនសង្ស័យដឹក ជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើរូបនោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ប៉ុន្តែជនឈ្មោះ ផេង សុភា ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេត តាមផ្លូវតុលាការខេត្តព្រះវិហារ ។ នេះបើតាមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានបង្ហើបឲ្យដឹង នៅថ្ងៃទី២១ សីហា ២០២៣នេះ៕