ខេត្តកំពង់ស្ពឺ÷ស្រ្ដីម្នាក់រស់នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo” ។
នាង សុខ ស្រីអន បានរៀបរាប់តាមបណ្តាញសង្គម facebook ថា នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីតនិងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថា មិនបានស្រឡាញ់ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង។ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀប ការនាងខ្ញុំប្រកែកមិនឈ្នះ ហើយពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះ។
ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថា បេីនាងខ្ញុំមិនយក(ប្តី)ទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹក នាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។
ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំ
ស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុកចុង ម្ដាយបង្កើត រួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដរាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់។
ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេនាងស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយអ្នកដែលរង់ចាំនាង។
សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង៕