(ស្ទឹងត្រែង) ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានឃាត់ខ្លួនជនបរទេស ចំនួន ៤នាក់ ជាមួយនឹងគ្រឿងញៀនចំនួន ៣០ការ៉ុង ដែលដឹកតាមរថយន្តម៉ាកកូរ៉េ ១គ្រឿង ។
បើតាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០២៖៣០នាទី ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ដែលក្រុមជួញដូរគ្រឿងញៀន ធ្វើការដោះដូរគ្នានៅចំណុចមុខស្ថានីយប្រេងឥន្ទនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
ដោយប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ គឺទី ១.ឈ្មោះ ខាំ ឡេហឺ (KHAM LEE HER) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P3138543 ទី២.ឈ្មោះ សាឡាំ ផុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុសង្ស័យជាសារធាតុញៀន ចំនួន ៣០ការ៉ុង និងរថយន្ត ចំនួន ១គ្រឿង ម៉ាក TOYTA Hilux Rally ពណ៌ស ពាក់ផ្លាកលេខ 2AT-5389 ទូរសព្ទចំនួន ២គ្រឿង លិខិតឆ្លងដែន ១ច្បាប់ រួចក៏បន្តតាមឃាត់ខ្លួននៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានឃាត់ជនសង្ស័យ ២នាក់ បន្ថែមទៀត ឈ្មោះ MR. JAROEN SAE LAO ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC7483332 ២.ឈ្មោះ អៀ ថរ (IA THO) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P2969632 រថយន្ត ១គ្រឿង ម៉ាក TOYO TA Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6505 ទូរសព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ២ច្បាប់ ។
សូមបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ ជនជាតិថៃ ២នាក់ ជនជាតិឡាវ ២នាក់ និងវត្ថុតាងគ្រឿងញៀន ៣០ការ៉ុង រថយន្តទំនើប ២គ្រឿង ហើយបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី ៕