(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង មើលលែងយល់ ។ ចំណែកអ្នកបើកបរកង់បីខ្មែរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងរ៉ឺម៉កកង់បីខ្មែរទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕