(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។
ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿងឌុបគ្នានៅតាមផ្លូវ ស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុមមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដាប់ដោយកាំបិតដេញកាប់ ជាហេតុធ្វើឱ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់ ។
សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅយប់កើតហេតុ ក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ចំនួន ៣ករណី នៅទីតាំង ៣គោលដៅផ្សេងគ្នា ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង ១៥នាក់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕