ស្វាយរៀង៖ សមត្ថកិច្ចនគបាលខេត្តស្វាយរៀងចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនសង្ស័យជនជាតិវៀតណាមចំនួន០៦នាក់ (ស្រី០១នាក់) ដោយដកហូតវត្ថុតាងរួមមានថ្នាំញៀនជាង០៣គីឡូក្រាម អាវុធខ្លី០១ដើម «ម៉ាក្សរ៉ូឡូ» គ្រាប់១២គ្រាប់ ជញ្ជីញថ្លឹងគ្រឿងញៀន០៥គ្រឿង ទូរសព្ទ័ដៃចំនួន១០គ្រឿង ម៉ូតូចំនួន០៣គ្រឿង លិខិតឆ្លងដែន០៥ច្បាប់ និងសម្ភារឧបករណ៍កែច្នៃមួយចំនួនទៀត ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើតាមសមត្ថកិច្ចបានឲ្យលើកឡើងថា ជនសង្ស័យជនជាតិវៀតណាមទាំង០៦នាក់នេះ ដែលប្រព្រឹត្តបទល្មើសក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតប្រព្រឹត្តកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៣ ទី០៤ ខែវិច្ឆិកា២០២៤ នៅចំណុចបន្ទប់ជួលលេខ១-២-៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេមស្ថិតនៅក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត បន្ទប់ជួលលេខF9 ‘F10 ចំណុចផ្លូវវត្តតាឡុក ស្ថិតនៅភូមិបាវិតកណ្តាលនិងបន្ទប់ជួលលេខF02 ខាងក្រោយការ៉ាស់សាំងកាលតិចស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។
ប្រភពបន្តថា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី០៣វិច្ឆិកា សមត្ថកិច្ចជំនាញទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍តាមទូរសព្ទ័នៅបន្ទប់ជួលលេខ០១ លេខ០២និងលេខ០៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេម ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត មានមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀន។
ក្រោយពីទទួលព័ត៌មានភ្លាម លោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បាវិតចុះស្រាវជ្រាវរហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣វិច្ឆិកាដោយសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ភេទប្រុសជនជាតិវៀតណាម និងបានធ្វើការឆែកឆេបន្ទប់ស្នាក់នៅ និងចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់០៣នាក់ទៀតបុរស០២នាក់ស្រី១នាក់ សរុប០៦នាក់ស្រីម្នាក់និងដកហូតវត្ថុតាង រួមមាន៖១,គ្រឿងញៀនជាង០៣គីឡូក្រាម ២, អាវុធខ្លី០១ដើម «ម៉ាក្សរ៉ូឡូ» គ្រាប់១២គ្រាប់ ៣,ជញ្ជីញថ្លឹងគ្រឿងញៀន០៥គ្រឿង៤, ទូរស័ព្ទដៃចំនួន១០គ្រឿង ៥,ម៉ូតូចំនួន០៣គ្រឿង ៦,លិខិតឆ្លងដែន០៥ច្បាប់និងសម្ភារឧបករណ៍កែច្នៃមួយចំនួនទៀត ។
ប្រភពបន្តថា ក្រោយពីស្រាវជ្រាវនិងសួរចម្លើយ រួច ជនសង្ស័យទាំង០៦នាក់រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៧ វិច្ឆិកា ២០២៤ លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី៕