(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ ជនសង្ស័យ ត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួន ។
បច្ចុប្បន្ន កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដធ្វើការសួរនាំជនសង្ស័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕