តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។
សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។
ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។
ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ក្រពះពោះវៀន សំខាន់គឺទឹកនោមប្រៃកំពុងតែ(បណ្ដាល)ហើមខ្លួន ។ ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសុំពេលវេលាបន្ដិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទតាមច្បាប់ ។ ពេលដែលខ្ញុំធ្វើហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំមិនរត់គេចទៅណាទេ!» ។
បើទោះជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស សុំពន្យាពេលព្យាបាលជំងឺ និងសន្យាថាទៅទទួលទោសចំពោះមុខច្បាប់ តែសម្ដេចតេជោ នៅវេលាម៉ោង ៣៖៣៣ នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា បានអះអាងថា បើទោះជាបុគ្គល លី សាម៉េត ចេញវីដេអូសារភាពកំហុស និងសូមទោសមួយនេះ ក៏បុគ្គល លី សាម៉េត មិនត្រូវបានរួចខ្លួននោះឡើយ ។
បើទោះបុគ្គល លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោសក៏ដោយ ក៏សម្ដេចតេជោ មិនអនុញ្ញាតអាចឱ្យបុគ្គល លី សាម៉េត ធ្វើបែបនេះបានឡើយ ដោយសម្ដេចតេជោ ស្នើឱ្យនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា ជំនួយការរបស់សម្ដេចម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយបុគ្គល លី សាម៉េត នេះផងដែរ ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យបុគ្គល លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់តទៅទៀតទេ ៕