ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។
ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។
ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ នោះគឺស្ថានភាពពិត និងការវិវត្តជាវិជ្ជមានជាក់ស្តែង នៅកម្ពុជាក្រោមដំបូលនៃសន្តិភាពពេញលេញ ជាពិសេសភាពចាស់ទុំខាងនយោបាយរបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕