ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកគ្រប់គ្រងគុនខ្មែរ រៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្ត មានឱកាសឡើងមកប្រកួតនៅភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។

ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។

កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។

ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។

សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។

គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏តែងតែផ្ដល់នូវថវិកា និងទឹកចិត្តសន្ដោសប្រណីដល់កីឡាករ កីឡាការិនីកម្ពុជាទាំងឡាយដូចគ្នាដែរ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *